ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះថា Westerdam បានបន្តនាំភ្ញៀវទេសចរ ១,៨៥០ នាក់ មកកម្សាន្តខេត្តព្រះសីហនុ នាថ្ងៃទី ១៨ ខែវិច្ឆិកា។ នេះបើតាមការប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍ខាងលើ មាននាវិកចំនួន ៨០៤ នាក់ ក្នុងនោះ ស្រី ១៥៦ នាក់ មកពី ៣៩ សញ្ជាតិ និងផ្ទុកទេសចរសរុប ១,៨៥០ នាក់ ក្នុងនោះស្រី ៩៩២ នាក់ មាន ៤៣ សញ្ជាតិ។ ទេសចរអាម៉េរិក អូស្រ្តាលី និងកាណាដា មានចំនួនច្រើនជាងគេ។
Westerdam មានបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព នាថ្ងៃទី១៨ ខែវិច្ឆិកា។ នាវាដែលមានសញ្ជាតិហូឡង់នេះ សម្រេចចិត្តចតនៅប្រទេសកម្ពុជារយៈពេល ១ថ្ងៃ ហើយនឹងចាកចេញទៅប្រទេសថៃនៅថ្ងៃបន្ទាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះ ចំនួន ៥ បានបដិសេធ លើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line។ ក្នុងនោះ រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គា ម ហ្វីលីពីន និងថៃ ដែលមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតឡើយ ដោយសារបារម្ភពីCOVID-19។

មូលហេតុដែលរដ្ឋាភិបាល សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាព មនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺ រលាកសួត ដែលបង្កឡើងដោយ COVID-19 ។ កាលនោះ មនុស្សនៅលើនាវា មានជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ ១៤៥៥ នាក់ មានជាង ៤០ សញ្ជាតិ និងបុគ្គលិកបម្រើការងារ តាម ផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរ ដែលច្រើនជាងគេ មាន អាម៉េរិក មាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩ នាក់ អាល្លឺម៉ង់ ៥៧នាក់៕




